មហាសេដ្ឋីទាំង ៥០ របស់ប្រទេសថៃក្នុងបញ្ជី Forbes ឆ្នាំ ២០២១ នៅតែធ្វើបានយ៉ាងល្អក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ដោយកើនទ្រព្យសម្បត្តិសរុប ២៨ ពាន់លានដុល្លារបន្ថែមលើទ្រព្យសម្បត្តិរួមរបស់ពួកគេ ក្នុងរយៈពេល ១៥ ខែចុងក្រោយ។
សន្ទស្សន៍ផ្សារភាគហ៊ុនថៃ (Stock Exchange of Thailand) បានកើនឡើង ៤៣% ក្នុងរយៈពេលនេះ ដែលជំរុញដោយក្តីសង្ឃឹមនៃការងើបឡើងវិញនៃសេដ្ឋកិច្ច និងការកើនឡើងនៃការនាំចេញ។ ការកើនឡើងនេះបានជួយជំរុញទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋីទាំង ៥០ នាក់របស់ប្រទេសថៃ ជាង ២០% ដល់ ១៦០ ពាន់លានដុល្លារឯណោះ។
ក្នុងនោះបងប្អូនត្រកូល Chearavanont នៃក្រុមហ៊ុន Charoen Pokphand Group នៅតែរក្សាតំណែងកំពូលរបស់ពួកគេជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៣០,២ ពាន់លានដុល្លារ គឺកើនឡើងពី ២៧,៣ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ដោយឡែក លោក Chalerm Yoovidhya ដែលកាន់កាប់ក្រុមហ៊ុនភេសជ្ជៈ Red Bull បានកើនទ្រព្យសម្បត្តិចំនួន ៤,៣ពាន់លានដុល្លារ ខណៈលោក Charoen Sirivadhanabhakdi ពីក្រុមហ៊ុន Thai Beverage នៅតែរក្សាតំណែងលេខ៣ ជាមួយនឹងទ្រព្យសម្បត្តិសរុប ១២,៧ពាន់លានដុល្លារ ដែលកើនពី ១០,៥ពាន់លានដុល្លារកាលពីឆ្នាំមុន៕